- បច្ចេកវិទ្យា

Samsung ក៏នឹងឈប់ផ្គត់ផ្គង់ Memory Chips ទៅឲ្យ Huawei ដែរ ដើម្បីគោរពតាមច្បាប់ថ្មីរបស់អាមេរិក

សព្វថ្ងៃនេះ សភាពការរបស់ Huawei កាន់តែលំបាកទៅៗហើយ ដោយសារតែច្បាប់ថ្មីរបស់អាមេរិកនោះ កាន់តែខិតជិតមកដល់ពេលដែលត្រូវអនុវត្ត ហើយបើពេលនោះមកដល់មែន គឺមានន័យថា ក្រុមហ៊ុនជាច្រើន ដែលប្រើប្រាស់បច្ចេកវិទ្យាអាមេរិក ហើយបានផ្គត់ផ្គង់ផលិតផលផ្សេងៗរបស់ខ្លួនទៅឲ្យ Huawei នោះ គឺមិនអាចបន្តធ្វើបែបនេះបានទៀតនោះទេ។ ជាក់ស្ដែង Samsung ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនទាំងនោះដែរ ព្រោះថាក្រុមហ៊ុនកូរ៉េខាងត្បូងនេះ ក៏បានសហការគ្នា ក៏ដូចជាតែងតែផ្គត់ផ្គង់ Memory Chips (ឧទាហរណ៍ដូចជា រ៉េម និងអង្គផ្ទុកជាដើម) ទៅឲ្យ Huawei ដែរ ប៉ុន្តែយ៉ាងណា នៅក្នុងពេលឆាប់ៗខាងមុខនេះ គេមិនអាចធ្វើបែបនេះ បានទៀតឡើយ។

ជាការពិតណាស់ បើតាមរបាយការណ៍ចេញពីកូរ៉េខាងត្បូង បានបញ្ជាក់ឲ្យដឹងថា Samsung នឹងបញ្ឈប់ការផ្គត់ផ្គង់ ផលិតផលៗផ្សេងរបស់ខ្លួន ដែលបានធ្វើឡើងតាមបច្ចេកវិទ្យាអាមេរិក ដូចជា Memory Chips នោះ ទៅឲ្យ Huawei ត្រឹមថ្ងៃទី 15 ខែកញ្ញានេះ ព្រោះថាដើម្បីគោរពតាមច្បាប់ថ្មីរបស់អាមេរិកនោះឯង។ មិនមែនមានតែ Samsung មួយនោះទេ ដែលត្រូវធ្វើបែបនេះ ជាក់ស្ដែងក្រុមហ៊ុនផលិត Memory Chips មួយទៀត ក្នុងកូរ៉េខាងត្បូងដូចគ្នា ដែល Huawei តែងសហការជាមួយដែរនោះ ពោលគឺក្រុមហ៊ុន SK Hynix នេះ ក៏ធ្វើដូចគ្នាដែរ ពោលគឺគេនឹងបញ្ឈប់ការលក់ Memory Chips របស់ខ្លួនទៅឲ្យក្រុមហ៊ុនចិនខាងលើ នាពេលឆាប់ៗខាងមុខ។ មិនខុសទេ ការដាក់ពិន័យរបស់អាមេរិកទៅលើ Huawei គឺមិនមែនប៉ះពាល់តែទៅលើ Huawei មួយទេ ដូចឃើញស្រាប់ពេលនេះអញ្ចឹង Samsung និង SK Hynix ក៏បាត់បង់ចំណូលដូចគ្នាដែរ ជាពិសេសនោះ គឺ SK Hynix នេះតែម្ដង ព្រោះថា ក្នុងឆមាសទីមួយកន្លងទៅនេះ ចំណូលខ្ទង់ 40% របស់គេ គឺបានមកពីការនាំចេញ ទៅកាន់ក្រុមហ៊ុនចិនទាំងស្រុង។

សម្រាប់ Samsung វិញ អាចមិនសូវជាប៉ះពាល់ខ្លាំងនោះទេ ព្រោះក្រុមហ៊ុនមួយនេះ នៅមានក្រុមហ៊ុនជាច្រើនផ្សេងទៀត ដែលបានសហការជាមួយគ្នា លើវិស័យ Memory Chips នេះ ប៉ុន្តែទោះជាយ៉ាងណា វាក៏ធ្វើឲ្យខាតបង់ចំណូលមួយផ្នែកដែរ។ អញ្ចឹងហើយ បើតាមដំណឹងថ្មីពេលនេះទៀត អាចនិយាយបានថា Samsung ក៏ដូចជា SK Hynix នឹងបញ្ឈប់ការផ្គត់ផ្គង់ Memory Chips របស់ខ្លួន ទៅឲ្យ Huawei ត្រឹមថ្ងៃទី 15 ខែនេះ ដូច្នេះបញ្ហានេះ កាន់តែក្លាយជាបន្ទុកបន្ថែមមួយទៀតសម្រាប់ Huawei ព្រោះថាគេកាន់តែពិបាក ក្នុងការសហការជាមួយក្រុមហ៊ុនដទៃ ដើម្បីបន្តដំណើរលើវិស័យទូរសព្ទឆ្លាតរបស់ខ្លូន។

 

ប្រភព ៖ Engadget