- បច្ចេកវិទ្យា

ឧបករណ៍ទប់លំនឹងស៊េរីថ្មី DJI Osmo Mobile 4 បានប្រកាសចេញជាផ្លូវការ ហើយអាចឆក់ជាប់ខ្នងទូរសព្ទតែម្ដង(មានវីដេអូ)

អស់រយៈពេលចំនួន 1 ឆ្នាំមក ក្រុមហ៊ុន DJI ក៏បានសម្រេចចិត្តបញ្ចេញជំនាន់ថ្មីមួយទៀត ទៅឲ្យដងទប់លំនឹងត្រកូល Osmo Mobile ជាផ្លូវការហើយ ដែលវាត្រូវជាជំនាន់ទី 4 ជាមួយការកែតម្រូវការរចនាបថ ដើម្បីឲ្យកាន់តែមានភាពងាយស្រួល បំពាក់ជាមួយទូរសព្ទឆ្លាតផងដែរ។ នាពេលបច្ចុប្បន្ននេះ Osmo Mobile 4 កំពុងតែដាក់លក់នៅសហរដ្ឋអាមេរិក សម្រាប់កញ្ចប់តម្លៃដើមខ្ទង់ 149 ដុល្លារ ដោយធ្វើឲ្យវាមានតម្លៃថ្លៃជាងជំនាន់មុន (OM3) ចំនួនប្រមាណខ្ទង់ 20$ កាលពីនៅពេលដាក់លក់ដំបូងដូចគ្នានេះ។

បើមើលលើលក្ខណៈសម្បត្តិរបស់ DJI Osmo Mobile 4 គឺវានៅតែប្រើប្រាស់ទម្រង់ប៊ូតុង និងអាចកាន់ថ្មបានខ្ទង់ 15 ម៉ោង ហាក់បីដូចជានៅលើជំនាន់ Osmo Mobile 3 ដដែល ហើយក៏បន្ដអនុញ្ញាតឲ្យសាកទូរសព្ទ តាមរយៈរន្ធប្រភេទ USB Type-C របស់វា។ យ៉ាងណាមិញ DJI បានលើកឡើងមកថា OM4 គឺមានទំហំតូចជាង និងទម្ងន់ស្រាលជាងជំនាន់មុន ហើយបានដំឡើងម៉ូទ័រល្អប្រសើរជាងមុនទៀត ដើម្បីរក្សាឲ្យបានប្រសិទ្ធភាព សូម្បីតែនៅពេលកំពុងទប់លំនឹង ជាមួយទូរសព្ទទម្ថន់ធ្ងន់ៗ រួមមានដូចជាត្រកូល Galaxy Note ឬ iPhone ស៊េរីក្រោយៗជាដើម។

ចំណែកឯផ្នែក Software ឯណោះវិញ DJI បានបន្ថែមមុខងារថ្មីៗមួយចំនួន ទៅលើឧបករណ៍ទប់លំដឹងស៊េរីថ្មី DJI Osmo Mobile 4 ដែលរួមមានបញ្ចូលទាំង មុខងារ Dynamic Zoom, Spin Shot Gimbal Movement ដើម្បីបង្កើតចេញជា Style ថតបង្វិល និងមុខងារ Clone Me Panorama សម្រាប់បង្កើតរូបរបស់លោកអ្នកចេញជា 2 ទៅ 3 នាក់ នៅក្នុងទម្រង់ថតបែប Panorama បាន។ ប្រិយមិត្តទាំងអស់គ្នា អាចទស្សនាវីដេអូនៅខាងក្រោមនេះបាន ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ អំពីរបៀបប្រើប្រាស់របស់ដងទប់លំនឹងនេះ។

 

***សូមទស្សនាវីដេអូខាងក្រោម ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមទៀត ៖

ហេតុដោយសារតែ ឧបករណ៍ទប់លំដឹងស៊េរីថ្មី DJI Osmo Mobile 4 ទើបកំពុងដាក់លក់លើទីផ្សារបរទេស ជាមួយតម្លៃដើមខ្ទង់ ៥៩ ម៉ឺនរៀល ឬ 149 ដុល្លារ ដូច្នេះលោកអ្នកអាចរង់ចាំមើល តាមហាងលក់នានាក្នុងស្រុកយើងបាន ក្នុងពេលខាងមុខនេះ ប៉ុន្ដែវាអាចមានតម្លៃលើសនេះ បូករួមទាំងថ្លៃដឹក និងថ្លៃពន្ធនានា។

 

ប្រភព ៖ DJI