- បច្ចេកវិទ្យា

ទស្សនាលោក Elon Musk បកស្រាយបន្ថែមអំពីសមត្ថភាព នៃឈីបដោតចូលខួរក្បាលនៅទីនេះ(មានវីដេអូ)

សម្រាប់ប្រិយមិត្តអ្នកអាន ដែលតែងតែតាមដានព័ត៌មាន ទាក់ទងទៅនឹងលោក Elon Musk គឺពិតជាធ្លាប់បានដឹងអំពី បច្ចេកវិទ្យាឈីបដោតចូលខួរក្បាល របស់គាត់រួចមកហើយ ដែលស្ថិតនៅក្រោមឈ្មោះហៅថា Neuralink និងបានចាប់ផ្ដើមអភិវឌ្ឍន៍ អស់រយៈពេលជាច្រើនឆ្នាំមកដែរ។ រហូតមកដល់ថ្ងៃនេះ គាត់ក៏បានរៀបចំឡើងនូវ ព្រឹត្តិការណ៍ថ្មីមួយ ដើម្បីនិយាយប្រាប់បន្ថែម អំពីដំណាក់កាលអាប់ដេត របស់ឈីបដោតចូលខួរក្បាល Neuralink ថាតើវាឈានដល់កម្រិតណាហើយ។

បន្ទាប់ពីលោក Elon Musk បាននិយាយប្រាប់ថា វានឹងអាចចាក់តន្រ្ដីកំសាន្ដបាន ដោយមិនចាំបាច់ពាក់កាសហើយនោះ Neuralink ក៏ចាប់ផ្ដើមទទួលបានប្រជាប្រិយភាព ថែមមួយកម្រិតទៀត ប៉ុន្ដែក៏នៅមានមនុស្សជាច្រើនទៀត មិនទាន់បានដឹងអំពីសមត្ថភាព និងគោលបំណងពិតរបស់វានោះទេ។ ប្រសិនបើការអភិវឌ្ឍន៍ដំណើរការទៅបានរលូន នោះគឺមានន័យថា នាពេលអនាគតខាងមុខនេះ យើងលែងត្រូវការព្រួយបារម្ភអំពី ជំងឺបាត់បាត់បង់ការចងចាំ, ជំងឺបាត់បង់ការស្តាប់, ជំងឺខ្សោយភ្នែក, ជំងឺគេងមិនលក់, ការឈឺចាប់ខ្លាំង, ការញៀនលើអ្វីមួយ, ជំងឺផាកឃីនសុន និងជំងឺជាច្រើនផ្សេងៗទៀត ដែលទាក់ទងជាមួយខួរក្បាល ឬ ខួរឆ្អងខ្នងឡើយ ព្រោះតែការបំពាក់ឈីបមួយនេះ គឺត្រូវបានអះអាងមកថា អាចជួយព្យាបាលមនុស្សយើងបាន។

 

ខណៈពេលធ្វើឡើងនូវព្រឹត្តិការណ៍នេះ គាត់បានដាក់បង្ហាញពីជ្រូកប៉ុន្មានក្បាល ដែលបានបំពាក់នូវឈីបដោតចូលខួរក្បាលនេះ រីឯការសិក្សាទៅលើសត្វជ្រូក គឺបានចង្អុលឲ្យឃើញថា វាក៏នៅមានសុខភាពល្អដដែល ទោះបីជាបានដោះឈីបមួយនោះ ចេញពីខួរក្បាលរបស់ពួកវាវិញក៏ដោយ។ ហេតុដូច្នេះហើយ នេះគឺមានន័យថា ទោះបីជាធ្លាប់បានបំពាក់ចូលខួរក្បាលហើយ ក៏នៅមានសិទ្ធិក្នុងការដកចេញវិញបាន និងមិនចោទជាបញ្ហាអ្វីនោះឡើយ។

 

***សូមទស្សនាវីដេអូខាងក្រោម ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមទៀត ៖

ចុះបើសិនជាលោក Elon Musk និងក្រុមការងារ Neuralink អាចធ្វើបានសម្រេចបានជោគជ័យ ក្នុងពេលអនាគតខាងមុខនេះ តើប្រិយមិត្តទាំងអស់គ្នា ចង់សាកល្បងបំពាក់ចូលខួរក្បាលដែរឬក៏អត់ទេ? វានឹងអាចជាមធ្យោបាយដ៏ល្អបំផុតមួយ ដើម្បីព្យាបាលជំងឺទាក់ទងនឹងខួរក្បាល ឬខួរឆ្អងខ្នង ដែលបានរៀបរាប់ពីខាងលើនេះ។

 

 

ប្រភព ៖ Cambo Report