- កីឡា

ការវាយប្រហារ BadPower តាមឆ្នាំងសាកអាចធ្វើអោយទូរស័ព្ទ​ឆេះខូចបាន

យើងដឹងហើយថា ពិភពលោករាល់ថ្ងៃកំពុងតែរស់នៅជាមួយបច្ចេកវិទ្យា ដែលមានឧបករណ៍អេឡិចត្រូនិច ដូចជា ស្មាតហ្វូន ថេប្លេត ឡេបថប់ នាឡិកាវៃឆ្លាត ជាដើម។ល។ ហើយឧបករណ៍ទាំងអស់នោះត្រូវការថាមពលដើម្បីប្រើប្រាស់។ ជាទូទៅរាល់ឧបករណ៍អេឡិចត្រូនិចទាំងនេះ តែងតែប្រើប្រាស់ដោយថាមពលថ្ម ដើម្បីងាយស្រួលយកតាមខ្លួន។ ក្នុងអំឡុងពេល ២-៣ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនជាច្រើនក៏បានកំពុងអភិវឌ្ឍប្រព័ន្ធបញ្ចូល (សាក) ថ្មឱ្យបានលឿន (Fast Charging) ឆាប់ពេញដើម្បីយកទៅប្រើប្រាស់ម្ដងទៀត។

 

 

ចំពោះបច្ចេកវិទ្យាសាកថ្មលឿននេះ បើសិនជាឧបករណ៍មិនត្រូវគ្នាជាមួយឆ្នាំងសាកថ្មលឿននោះការផ្ទេរថាមពលនឹងត្រូវបានកម្រិតត្រឹមតែ 5V ក៏ប៉ុន្តែបើសិនជាឧបករណ៍ទាំងនោះអាចត្រូវគ្នាជាមួយឆ្នាំងសាកថ្មលឿន វានឹងអាចផ្ទេរថាមពល ដល់ទៅ 12V, 20V ឬក៏អាចលឿនជាងនេះ។

កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវផ្នែកសន្តិសុខចិន បានឱ្យដឹងថា ពួកគេបានរកឃើញពីភាពចន្លោះប្រហោងរបស់ប្រព័ន្ធសាកថ្មលឿន (Fast Charging) ដែលអាចឱ្យអ្នកវាយប្រហារធ្វើការផ្លាស់ប្ដូរកូដនៅក្នុងឆ្នាំងសាក ដែលធ្វើឱ្យឧបករណ៍ដែលអ្នកកំពុងសាករលាយ ឬក៏អាចឆេះ ដោយសារតែមានការឡើងកម្តៅខ្លាំងពេក។ ការកែកូដក្នុងការបន្ថែមល្បឿនសាកថ្មឱ្យហួសកម្រិតនេះ ត្រូវបានគេឱ្យឈ្មោះថា BadPower ហើយដោយសារតែការផ្តល់ថាមពលឱ្យទៅឧបករណ៍នោះ លើសពីការទទួលយករបស់វា ទើបជាហេតុធ្វើឱ្យឧបករណ៍ទាំងនោះឡើងកម្តៅខ្លាំង ហើយធ្វើឱ្យ កោង រលាយសារធាតុនៅខាងក្នុង ឬក៏អាចបណ្តាលឱ្យឆេះតែម្តង។

 

 

តាមការធ្វើតេស្តរបស់អ្នកស្រាវជ្រាវបានឱ្យដឹងផងដែរថា ពេលខ្លះអ្នកវាយប្រហារក៏អាចធ្វើការផ្លាស់ប្ដូរកូដនៅក្នុងស្មាតហ្វូន ឬ ឡេបថប់ ហើយនៅពេលអ្នកប្រើប្រាស់ធ្វើការសាកថ្ម វានឹងផ្លាស់ប្ដូរកម្រិតថាមពលឱ្យហួសដោយស្វ័យប្រវត្តិតែម្ដង។ ទោះបីជាការវាយប្រហារនេះមើលទៅដូចជារៀងធ្ងន់ធ្ងរបន្តិចមែន ក៏ប៉ុន្តែវាកម្រអាចនឹងកើតឡើងដែរ ដោយឡែកដើម្បីកាត់បន្ថយការខូចខាតដល់ឧបករណ៍របស់លោកអ្នក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសឧបករណ៍សាកថ្មយកមកប្រើប្រាស់ ព្រោះវាក៏អាចនាំឱ្យមានបញ្ហាដូចដែលបានរៀបរាប់ខាងលើនេះ៕

 

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department