- បច្ចេកវិទ្យា

iOS 14 ជំនាន់សាកល្បងទី 5 បង្ហាញតម្រុយថា iPhone 12 Pro Max អាចនឹងគាំទ្រអេក្រង់ Refresh Rate 120Hz​ (មានវីដេអូ)

ផ្អែកទៅតាមដំណឹងបែកធ្លាយ និងភស្តុតាងជាច្រើនដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា យ៉ាងហោចណាស់ iPhone 12 Pro និង 12 Pro Max អាចនឹងមានភាគរយក្នុងការបង្ហាញខ្លួនមកជាមួយបន្ទះបង្ហាញដែលអាចគាំទ្រអេក្រង់ Refresh Rate 120Hz។ ជុំវិញរឿងរ៉ាវនេះដែរ កាលពីពេលថ្មីកន្លងទៅនេះ យើងធ្លាប់ទទួលបានរបាយការណ៍រាយការណ៍មកថា ខណៈពេលនេះ Apple កំពុងតែជួបបញ្ហាទៅលើការធ្វើតេស្តបន្ទះបង្ហាញ 120Hz របស់ iPhone 12 Pro និង 12 Pro Max ។ ហេតុដូច្នេះបានធ្វើឲ្យអ្នកវិភាគល្បីឈ្មោះមួយចំនួនជឿថា iPhone 12 Series នឹងបង្ហាញខ្លួនមកជាមួយអេក្រង់ Refresh Rate ត្រឹម 60Hz តែប៉ុណ្ណោះ។

 

 

ពាក់ព័ន្ធទៅនឹងបញ្ហាមួយនេះដែរ នៅក្នុងថ្ងៃនេះ តាមរយៈកំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Jon Prosser ក៏ដូចជាភស្តុតាងថ្មីដែលគេបានរកឃើញនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14 ជំនាន់សាកល្បងទី 5 បានធ្វើឲ្យយើងដឹងថា iPhone 12 Pro Max នៅតែអាចមានភាយរយក្នុងការបង្ហាញខ្លួនមកជាមួយបន្ទះបង្ហាញដែលអាចគាំទ្រអេក្រង់ 120Hz ដដែល។ បើយោងទៅតាមការបញ្ជាក់របស់លោក Jon Prosser បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា បន្ទះបង្ហាញដែលបំពាក់នៅលើ iPhone 12 Pro Max (Prototype) ដែល Apple បានធ្វើតេស្តគឺអាចគាំទ្រអេក្រង់ Refresh Rate 120Hz បានយ៉ាងរលូន ហើយអ្នកប្រើប្រាស់ក៏អាចធ្វើការកំណត់ឲ្យវាដំណើរការត្រឹម 60Hz ក៏បាន តាមរយៈ Settings នៅក្នុង iOS ផងដែរ។

 

 

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខណៈពេលនេះ លោក Jon Prosser មិនទាន់អាចប្រាកដបានថា តើ Apple នឹងបើកឲ្យបន្ទះបង្ហាញរបស់ iPhone 12 Pro និង 12 Pro Max អាចគាំទ្រអេក្រង់ Refresh Rate 120Hz ឬក៏យ៉ាងណានោះដែរ ដូច្នេះមានតែរង់ចាំរហូតដល់ពេលដែល iPhone 12 Series ប្រកាសចេញជាផ្លូវការទើបយើងបានដឹងច្បាស់។ បន្ថែមពីនេះ បើផ្អែកទៅតាមដំណឹងដែលទទួលបានកាលពីពេលថ្មីៗនេះ បានបង្ហាញថាឲ្យយើងដឹងថា មូលហេតុដែលធ្វើឲ្យ Apple មានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្តបើកឲ្យបន្ទះបង្ហាញរបស់ iPhone 12 Pro និង 12 Pro Max អាចគាំទ្រអេក្រង់ Refresh Rate 120Hz បាន ក៏ព្រោះតែទាក់ទងទៅនឹងបញ្ហាថាមពលថ្មរបស់ពួកវាតែម្តង។

 

 

 

 

ប្រភព : Jon Prosser