- បច្ចេកវិទ្យា

ជំនាន់ថ្មីនេះអេមខ្លាំងណាស់ Google បានប្រកាសចេញ Wear OS ជំនាន់ថ្មីផ្អែកលើ Android 11

កាលពីប្រមាណជាមួយខែមុន យើងឃើញថា Qualcomm បានធ្វើការប្រកាសចេញឈីបថ្មីសម្រាប់ប្រើប្រាស់លើនាឡិកាឆ្លាត ដោយឈីបនោះ ត្រូវបានគេហៅថា Snapdragon 4100 និង Snapdragon 4100+ ហ្នឹងឯង។ ដោយឡែក នៅក្នុងពេលនេះ Google បានប្រកាសចេញប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី សម្រាប់នាឡិកាឆ្លាត ពោលគឺ Wear OS ជំនាន់ថ្មី ដែលអាចគាំទ្រជាមួយឈីបថ្មីរបស់ Qualcomm នោះមកដែរហើយ អ្វីដែលពិសេសនោះ OS ថ្មីខាងលើនេះ ក៏ផ្អែកលើ Android ជំនាន់ចុងក្រោយបំផុត ដែលគ្រោងនឹងប្រកាសចេញខាងមុខដែរ។

ពិតណាស់ បើតាមការបង្ហាញរបស់ Google បានបញ្ជាក់ឲ្យដឹងថា Wear OS ជំនាន់ថ្មីរបស់ខ្លួននោះ គឺត្រូវបានធ្វើឡើងឲ្យវា កាន់តែរហ័សជាងមុនទៅលើបង្ហាញព័ត៌មានផ្សេងៗរបស់អ្នកប្រើប្រាស់ ក៏ដូចជាពេលធ្វើការចាប់ផ្តើមបើកកម្មវិធីផ្សេងៗជាដើម។ លើសពីនេះ ក៏មានការកែប្រែទៅលើ UI ក្នុងនោះ មួយចំនួនដែរ ដើម្បីកាន់តែងាយស្រួលថែមទៀត ទៅលើការគ្រប់គ្រង Watch Modes ក៏ដូចជាការហាត់ប្រាណជាដើម មិនត្រឹមតែប៉ុណ្ណោះទេ វាក៏អាចគាំទ្រជាមួយឈីបសម្រាប់នាឡិកាឆ្លាតថ្មីរបស់ Qualcomm ដែរ ដែលមានការបង្កើនល្បឿន ឲ្យប្រសើរជាងមុនបានដល់ 20% ទៀតផង។ ក្រៅពីនេះ Google ក៏បានដាក់បន្ថែមមុខងារសំខាន់ជាច្រើនមកដែរ ជាក់ស្ដែងមុខងារ សម្រាប់ជំនួយអ្នកប្រើប្រាស់ ពីរបៀបលាងដៃ ដែលជាមុខងារសំខាន់មួយ ក្នុងខណៈពេលដែលមានការអុកឡុកពីមេរោគ Covid-19 នេះ មួយវិញទៀត Google ក៏បានសន្យាដែរថា អ្នកប្រើនឹងទទួលបានបទពិសោធន៍កាន់តែប្រសើរ ជាមួយការរចនានូវផ្ទៃមុខនៃកម្មវិធី Weather ថ្មីផងដែរ។

មិនត្រឹមតែប៉ុណ្ណោះទេ Wear OS ជំនាន់ថ្មីនៅមានចំណុចពិសេសជាច្រើនផ្សេងទៀត ក្រៅពីនេះ ហើយក៏សូមបញ្ជាក់ម្ដងទៀតដែរថា Wear OS ជំនាន់ថ្មីនោះ គឺផ្អែកលើ Android 11 ខណៈពេលដែល Wear OS ក្នុងពេលបច្ចុប្បន្ននេះ គឺផ្អែកលើ Android 9 Pie ប៉ុណ្ណោះ។ អញ្ចឹងហើយ នេះជាលក្ខណៈសំខាន់ៗមួយចំនួន ដែល Google បានធ្វើការកែប្រែសម្រាប់ Wear OS ជំនាន់ថ្មីរបស់ខ្លួន ជាក់ស្ដែងយើងឃើញថា វាមានការកែប្រែផ្ទៃមុខមួយចំនួន ឲ្យងាយស្រួលប្រើប្រាស់ជាងមុន ក៏ដូចជាអាចគាំទ្រឈីបថ្មីរបស់ Qualcomm ដែលកាន់តែខ្លាំងជាងមុនដូចគ្នាដែរ។

ប្រភព៖ XDA Develop