- បច្ចេកវិទ្យា

តើអនាគតរបស់កម្មវិធី TikTok ព្រោះតែគេរកឃើញចំនុចប្រហោងផ្សេងៗ

មិនទាន់​ដាច់ស្រេច​រឿង​ចម្រូង​ចម្រាស​ជាមួយ​ឥណ្ឌា​ និង​អាមេរិក​ផង ពេលនេះTikTokជួបរឿងស៊យមួយទៀត….

កម្មវិធី TikTok ដែលជាកម្មវិធីកំពុងតែមានភាពចម្រូងចម្រាសមួយចំនួននៅក្នុងបណ្ដាប្រទេសធំៗដូចជា ប្រទេស​ឥណ្ឌា និង សហរដ្ឋអាមេរិក ទាក់ទងនឹងការព្រួយបារម្ភក្នុងការគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់ ត្រូវបានគេរក​ឃើញ​ថាមានបញ្ហាមួយចំនួនទៀត។ នេះបើតាមការផ្សាយផ្លូវការពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅថ្ងៃ ១២​សីហានេះ។

បន្ថែមលើក្តីបារម្ភខាងលើ ថ្មីៗនេះគេបានរកឃើញថា កម្មវិធី TikTok បានប្រើភាពចន្លោះប្រហោងនៅ​ក្នុង​ប្រព័ន្ធប្រតិបត្តិការ Android ដើម្បីទាញយក MAC address របស់អ្នកប្រើប្រាស់ នេះបើតាមការផ្សព្វ​ផ្សាយ​របស់សារពត៌មាន The Wall Street Journal។ សម្រាប់លោកអ្នកដែលពុំទាន់ស្គាល់ថាអ្វីទៅជា MAC address នោះ វាគឺជាលេខសម្គាល់ (អាសយដ្ឋាន) របស់ឧបករណ៍ network ដើម្បីប្រើប្រាស់ ក្នុងការទំនាក់ទំនងគ្នា។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបន្តថា ទោះបីក្រុមហ៊ុន Google បានព្យាយាមបិទមិនឱ្យអ្នកអភិវឌ្ឍន៍កម្មវិធី ឬជនទីបីអាចទាញយក MAC address បានតាំងពីឆ្នាំ២០១៥ ហើយក៏ដោយ ក៏ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនបង្កើតកម្មវិធី TikTok បានប្រើភាពចន្លោះប្រហោងដើម្បីទាញយក និងរក្សាទុក MAC address របស់អ្នកប្រើប្រាស់នៅពេលដែលពួកគេដំឡើងកម្មវិធីលើកដំបូង ដោយមិនទាំងមានការអនុញ្ញាតពីអ្នកប្រើប្រាស់បានថែមទៀតផង។ សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី MAC address គឺមានតម្លៃបំផុតសម្រាប់ពួកគេ ដើម្បីតាមដានការប្រើប្រាស់ទូរសព្ទ សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម។

ជាការកត់សម្គាល់ ក្រុមអ្នកស្រាវជ្រាវក៏បានបញ្ជាក់ផងដែរថា អ្វីដែលអស្ចារ្យនោះគឺក្រុមហ៊ុន ByteDance បានព្យាយាមប្រើប្រាស់វិធីម្យ៉ាង ដោយបន្ថែមកម្រិត encryption ដើម្បីលាក់ពីការទាញយកទិន្នន័យរបស់ពួកគេ។ បើតាមការប៉ាន់ស្មានរបស់អ្នកស្រាវជ្រាវឃើញថា ក្រុមហ៊ុន ByteDance បានរំលោភក្នុងការទាញយក MAC address អស់រយៈពេលយ៉ាងតិចបំផុត ១៥ខែ ហើយពួកគេទើបតែបានបញ្ឈប់ការរំលោភបំពាននេះ​នៅពេលធ្វើ​បច្ចុប្បន្នភាពកម្មវិធី TikTok នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំកន្លងទៅ៕

រូបភាពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា