- កីឡាអន្តរជាតិ

ក្លឹបដើរចេញពី Super League វិញអស់៨លានផោនបាត់ នេះ​មិន​ទាន់​គិត​រឿង​ពិន័យ​ផ្សេង​ៗ

​ក្លឹប​ធំ​ទាំង​៦​នៅ​អង់គ្លេស ​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ពាន​រង្វាន់ European Super League ​ហើយ ​បន្ទាប់​ពី​មាន​ការ​តវ៉ា​ច្រើន​ពេក​ពី​សំណាក់​អ្នក​គាំទ្រ ​និង​កីឡាករ​ផ្ទាល់។

​យ៉ាងណាមិញ ​ការ​ប្រកាស​ដក​ខ្លួន​នេះ​នឹង​ធ្វើ​ឱ្យ​ក្លឹប​ដែល​ជា​សមាជិក​នោះ ​ខាត​បង់​ប្រាក់​ជា​ច្រើន​មិន​ខាន។ ជាក់​ស្ដែង ​នៅ​ពេល​នេះ​ពួកគេ​ខាត​អស់​៨​លាន​ផោន​ទៅ​ហើយ ព្រោះ​ពេល​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​នោះ ​ក្លឹប​មួយ​ត្រូវ​បង់​៨​លាន​ផោន ដើម្បី​ទ្រទ្រង់​ដំណើរ​ការ​នៃ​ការ​ប្រកួត​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា។

​ដោយ​ឡែក​ក្រៅ​ពី​អស់​៨​លាន​ផោន​នោះ​ហើយ ​ពួកគេ​ទំនង​ជា​នឹង​ត្រូវ​បង់​ប្រាក់​ពិន័យ​ថែម​ទៀត​ទៅ​ឱ្យ​ខាង​អ្នក​រៀប​ចំ​ពាន Super League ​។ ​ព្រោះ​អំឡុង​ពេល​ចុះ​កុងត្រា​ចូល​លេង​ពាន​នេះ ២៣​ឆ្នាំ គឺ​៣​ឆ្នាំ​ដំបូង​ក្លឹប​ដែល​មាន​ឈ្មោះ​ជា​សមាជិក ​មិន​អាច​ដើរ​ចេញ​ពី​ពាន​រង្វាន់​នេះ​បាន​ឡើយ។ ​តែ​យ៉ាងណាមិញ ​ការ​ពិន័យ​នឹង​មិន​ទាន់​ដឹង​ច្បាស់​ថា​ប៉ុន្មាន​នៅ​ឡើយ​ទេ។

​រំលឹក​ថា European Super League ​ដែល​មាន​សមាជិក​១២​ក្រុម​នោះ ​ពេល​នេះ​នៅ​សល់​តែ​២​ក្រុម​ទេ ​មិន​ទាន់​ដក​ខ្លួន​ចេញ​គឺ Real Madrid ​និង FC Barcelona ​។ ខណៈ​ដែល​ក្លឹប​ដទៃ​ទៀត សុទ្ធ​តែ​បាន​ប្រកាស​ពី​ការ​ដក​ខ្លួន​ទាំង​អស់ ​ក្រោយ​ពី​ប្រកាស​បង្កើត​បាន​២​ថ្ងៃ៕