- កីឡាអន្តរជាតិ

នេះគឺជាពាក្យចុងក្រោយរបស់វីរបុរសអាហ្សង់ទីន លោកMaradona មុនគាត់ចែកឋានទៅ៕

Diego Maradona បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ ដោយសារ​ជំងឺ​គាំង​បេះដូង​នៅ​ឯ​ផ្ទះ​ក្នុង​ប្រទេស​កំណើត​អាហ្សង់ទីន នេះ​គឺ​ក្រោយ​រយៈ​ពេល​ពីរ​សប្តាហ៍​នៃ​ការ​ចាកចេញ​ពី​មន្ទីរពេទ្យ បន្ទាប់​ពី​វះកាត់​ឈាម​ហូរ​ក្នុង​ខួរក្បាល​បាន​ជោគជ័យ។

ម្ចាស់​ជើង​ឯក World Cup ឲ្យ​អាហ្សង់ទីន​នៅ​ឆ្នាំ ១៩៨៦ ត្រូវ​បាន​គេ​ស្គាល់​ជា អតីត​វីរបុរស​ក្នុង​ពិភព​បាល់ទាត់​មួយ​រូប ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ក្នុង​កំឡុង​ទសវត្ស​ឆ្នាំ ៨០ មុន​ប្រកាស​ចូល​និវត្ត​នៅ​ឆ្នាំ ១៩៩៧។

ដោយសារ​តែ​ជំងឺ​ញាំញី​ឥត​ស្រាកស្រាន្ត ស្ថានភាព​សុខភាព​របស់ Maradona ក៏​កាន់​តែ​ចុះ​ខ្សោយ​ទៅ​នៅ​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ។ បើ​តាម​របាយការណ៍​ពី DailyMail ចុះ​ផ្សាយ​ថា ​នៅ​ព្រឹក​ថ្ងៃ​ពុធ​កន្លង​ទៅ Maradona បាន​ចុះ​ពី​បន្ទប់​គេង មក​បរិភោគ​អាហារ​ពេល​ព្រឹក ហើយ​មើល​ទៅ​លោក​មាន​សភាព​ស្លេកស្លាំង និង​ដឹង​ខ្លួន​ឯង​ដូច​គ្នា​ថា​មាន​អារម្មណ៍​រៀង​រងា​ខុស​ធម្មតា។

ពាក្យ​មួយ​ម៉ាត់​ចុង​ក្រោយ​ដែល Maradona បាន​និយាយ​ទៅ​ក្មួយ​ប្រុស​របស់​លោក មុន​ឡើង​មក​សម្រាក​វិញ នោះ​គឺ​លោក​និយាយ​ថា៖ “Me siento mal,” (ជា​ភាសា​អេស្ប៉ាញ​ដែល​ជនជាតិ​អាហ្សង់ទីន​ប្រើប្រាស់) ដោយ​វា​មាន​ន័យ​ថា “ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មិន​ស្រួល​ខ្លួន​ទេ​ថ្ងៃ​នេះ“។

រហូត​ដល់​ពេល​រសៀល​គិលានុបដ្ឋាយិកា​ដែល​នៅ​មើល​ថែទាំ​លោក Diego Maradona ក៏​ឃើញ​ថា​សភាព​របស់ Maradona កាន់​តែ​ចុះ​ខ្សោយ​ទៅ ហើយ​ប្រញាប់​ខល​ហៅ​គ្រូ​ពេទ្យ តែ​សោកស្តាយ​ពេល​មក​ដល់ លោក​បាន​ចែកឋាន​បាត់​ទៅ​ហើយ។

ជា​ការ​កាន់​ទុក្ខ​វីរបុរស​រូប​នេះ ​ប្រធានាធិបតី​ប្រទេស​អាហ្សង់ទីន​លោក Alberto Fernandez បាន​ប្រកាស​ធ្វើ​ការ​កាន់​ទុក្ខ​ចំនួន ៣ ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស៕