- កីឡាអន្តរជាតិ

ខ្សែបម្រើ Paul Pogba របស់ក្លិប Manchester United បាននិយាយ

ខ្សែបម្រើ Paul Pogba របស់ក្លិប Manchester United បាននិយាយកាលពីថ្ងៃចន្ទថា រូបគេនឹងចាត់វិធានការផ្នែកច្បាប់ ក្រោយពីមានព័ត៌មានចេញផ្សាយថា រូបគេបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ដើម្បីតវ៉ាប្រឆាំងនឹងប្រធានាធិបតីបារាំងលោក Emmanuel Macron ជុំវិញការរិះគន់របស់លោកលើក្រុមអ៊ីស្លាម។

បើយោងទៅតាមាប្រភពព័ត៌មាននានាន នៅមជ្ឈិមបូព៌ា និងត្រូវបានដកស្រង់ចេញផ្សាយដោយកាសែត The Sun សមាជិកឈ្នះពាន World Cup រូបនេះ ចង់បញ្ចប់អាជីពអន្តរជាតិរបស់ខ្លួន ក្រោយពីលោក Macron បានសន្យាថា នឹងប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មអ៊ីស្លាម ក្រោយពីការកាត់ក្បាលគ្រូបង្រៀនប្រវត្តិសាស្ត្រលោក Samuel Paty កាលពីថ្ងៃទី១៦ ខែតុលា។ Pogba បានសរសេរនៅលើបណ្តាញសង្គម Instagram ថា៖ «ខ្ញុំពិតជាស្រឡាំងកាំង ខឹងសម្បារ និងតក់ស្លុត និងអស់សង្ឃឹមចំពោះបណ្តាញសារព័ត៌មានមួយចំនួន ដែលប្រើប្រាស់ខ្ញុំ ដើម្បីធ្វើចំណងជើងក្លែងក្លាយ ទាក់ទងនឹងហេតុការណ៍នៅបារាំងនាពេលបច្ចុប្បន្ន និងប្រើប្រាស់សាសនារបស់ខ្ញុំ និងក្រុមជម្រើសជាតិបាល់ទាត់បារាំង»។ តារាឆ្នើមរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំកំពុងចាត់វិធានការផ្នែកច្បាប់ ប្រឆាំងនឹងចាហ្វាងបណ្តាញសារព័ត៌មាន និងក្រុមអ្នកចែកចាយព័ត៌មានក្លែងក្លាយ១០០%»៕

អត្ថបទ៖ បញ្ញារិទ្ធ